Sunday, October 18, 2009

-លោកស្រី​មូរ សុខហួរ គ្រោង​ជួប​មន្ត្រី​ស.រ.អា.​ពិភាក្សា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ មឿង ទុម
2009-09-11

លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្រ្ត​ខ្មែរ​ពី​កូតា​គណបក្ស​សមរង្សី នឹង​ជួប​លោកស្រី Hillary Clinton រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​សុក្រ​នេះ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​រំលោភ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​បច្ចុប្បន្ន។

លោកស្រី មូរ សុខហួរ លើក​ដៃ​ស្វាគមន៍​អ្នក​គាំទ្រ​លោកស្រី​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​២៤ កក្កដា ២០០៩។

លោកស្រី មូរ សុខហួរ ថ្លែង​ដូច្នេះ​នៅ​បន្ទាប់​តែ​៤​ឬ​៥​ប៉ុន្មាន​ម៉ោង​ពី​ពេល​ដែល​លោកស្រី​ត្រូវ​បាន​គណៈកម្មការ​សិទ្ធិ​មនុស្ស Tom Lantos នៃ​សភា​អាមេរិក អញ្ជើញ​ឲ្យ​ទៅ​ថ្លែង​អំពី​បញ្ហា​នេះ​ជម្រាប​ជូន​សមាជិក​សភា​អាមេរិក​និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​អាមេរិក​មួយចំនួន នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ គឺ​កាល​ពី​ម្សិលមិញ ថ្ងៃ​ទី​១០ ខែ​កញ្ញា​នេះ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និង​លោក មឿន តុលា ប្រធាន​កម្មវិធី​ពលកម្ម​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​ដែរ។

លោកស្រី មូរ សុខហួរ បញ្ជាក់​ថា ជំនួប​ទាំង​នោះ​គឺ​លោកស្រី​មាន​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សហការ​ជាមួយ​មេ​ដឹកនាំ​ប្រទេស​អ្នក​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដទៃ​ទៀត រួម​គ្នា​បង្ហាញ​ជំហរ​ឲ្យ​បាន​ច្បាស់លាស់ ចំពោះ​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​រំលោភ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​បច្ចុប្បន្ន។

លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា ៖ «សភាពការណ៍​នេះ​យើង​បាន​បង្ហាញ​ជូន​ទៅ​ដល់​សភា​នៃ​សហរដ្ឋ​អាមេរិក​នៅ​រសៀល​នេះ​ហើយ ហើយ​ខ្ញុំ​ឃើញ​ថា មាន​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​គេ​យក​ចិត្ត​ទុក​ដាក់​ស្ថានការណ៍​លំបាក​ហើយ​រឹត​តែ​ធ្ងន់​ទៅៗ ជា​ពិសេស​ដោះស្រាយ​រឿង​សិទ្ធិ​មនុស្ស​ដែល​ត្រូវតែ​ឈរ​លើ​ច្បាប់ លើ​នីតិ​រដ្ឋ»។

នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ លោកស្រី មូរ សុខហួរ ក៏​គ្រោង​នឹង​ជួប​ជាមួយ​ព្រឹទ្ធសភា​អាមេរិក​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ​ផងដែរ​ឲ្យ​គេ​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ។

ខ្មែរ​អាមេរិកាំង​ជួប​ពិភាក្សា​គ្នា​ពី​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កញ្ញា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​៦០​នាក់​បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​ភោជនីយដ្ឋាន Harvest Moon ក្បែរ​រដ្ឋ​ធានីវ៉ាស៊ីនតុន ពិភាក្សា​អំពី​កង្វល់​ជុំវិញ​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​រំលោភ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ទាំង​ប្រុស​ស្រី​នោះ​មក​ពី​រដ្ឋ Virginia, Maryland, Philadelphia និង​រដ្ឋ​ដទៃ​មួយចំនួន​ទៀត បាន​ជួប​ជុំ​គ្នា​កាល​ពី​យប់​មិញ​ដោយ​មាន​វាគ្មិន​កិត្តិយស​៣​រូប គឺ​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ, លោក មឿន តុលា ប្រធាន​កម្មវិធី​ពលកម្ម​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​ខ្មែរ​ប្រចាំ​មណ្ឌល​ខេត្ត​កំពត។

វាគ្មិន​កិត្តិយស​ទាំង​៣​រូប​បាន​បញ្ចាំង​រូបភាព​វីដេអូ​ស្លៃយ៍​អំពី​ព្រឹត្តិការណ៍​ជាក់ស្តែង​ដែល​បាន​កើត​មាន​ឡើង​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​ខ្មែរ​អ្នក​ក្រីក្រ​ដែល​រង​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី ផ្ទះ​សម្បែង និង​អំពី​សកម្មភាព​ក្រុម​ប្រដាប់​អាវុធ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ និង​ការ​ដែល​លោកស្រី មូរ សុខហួរ ឡើង​តុលាការ​ក្រុង​ភ្នំពេញ តប​ចំពោះ​បណ្តឹង លោក ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍។

លោកស្រី ពុង ឈីវកេក បញ្ជាក់​ដល់​កិច្ចប្រជុំ​នោះ​ថា សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​រង​ការ​រំលោភ​គំរាម​កំហែង។ ចំណែក លោក មឿន តុលា មាន​ប្រសាសន៍​ថា សកម្មជន​សហជីព​ការពារ​សិទ្ធិ​កម្មករ​នៅ​កម្ពុជា​ភាគ​ច្រើន​រង​ការ​គំរាម​កំហែង ប្តឹង ឬ​ត្រូវ​ថៅកែ​ក្រុមហ៊ុន​ដក​ចេញ​ពី​ការងារ។

កិច្ចប្រជុំ​នោះ​ត្រូវ​បាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស ឬ​ហៅ​ថា ខារ៉ាត់ រៀបចំ​ឡើង​ក្នុង​បំណង​ពិនិត្យ​មើល​ស្ថានភាព​ចុង​ក្រោយ​នៃ​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​រំលោភ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​អាមេរិក​អ្នក​មាន​ដើម​កំណើត​ខ្មែរ​អាច​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ទៅ​តាម​លទ្ធភាព​និង​តាម​ច្បាប់​សហរដ្ឋ​អាមេរិក៕

No comments:

Post a Comment