Sunday, October 18, 2009

-ប្រជាពលរដ្ឋឃុំបន្ទាយឆ្មារស្រុកថ្ម​ពួក​កំពុង​ប្រឈម​មុខ​នឹង​ការ​ដាច់​ស្បៀង

ស្រង់ចេញពីវិទ្យុអូស្រ្តាលី្

ប្រជាពលរដ្ឋរាប់រយគ្រួសារនៅភូមិចំនួនពីរក្នុងឃុំបន្ទាយឆ្មារក្បែរ
ជើងភ្នំដងរែកខេត្ដបន្ទាយមានជ័យកំពុងប្រឈមមុខនឹងការដាច់
ស្បៀង ខ្លះរហូតដល់ដាច់ពោះ និងខ្លះទទួលទានបបរជំនួស
បាយ។ លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្ដ
បាត់ដំបង។

លោក ម៉ែន សំមឿន មេភូមិដងរែកបានអោយដឹងថា ដោយសារ
អាកាសធាតុប្រែប្រួលធ្វើអោយមានភ្លៀងធ្លាក់ច្រើន ប្រជាពលរដ្ឋ
មិនអាចចេញទៅស៊ីឈ្នួលធ្វើចម្ការនិងចូលព្រៃពុះអុស ដុតធ្យូង
លក់បាននោះទេ ពួកគាត់ប្រមាណ១០៥គ្រួសារមនុស្សរាយ៤៤៧នាក់
កំពុងប្រឈមមុខនឹងការដាច់ស្បៀង។ ប្រជាពលរដ្ឋនៅភូមិដងរែក
ឈ្មោះ អៀន សុជាតិ និងច្រិប បានត្អូញត្អែរបញ្ជាក់ពីកង្វះខាត
របស់គាត់បន្ថែម។

(សំឡេងប្រជាពលរដ្ឋ)

ចំណែកលោក ជិន សាវិន អនុភូមិប្រាសាទត្បែង បាននិយាយ
ថាប្រជាពលរដ្ឋក្នុងភូមិប្រមាណ៤០០គ្រួសារមនុស្សរាយជាងមួយ
ពាន់នាក់ កំពុងប្រឈមមុខនឹងការដាច់ស្បៀងក្នុងចំណោមនោះ
មានប្រជាពលរដ្ឋជាង១០គ្រួសារកំពុងដាច់បាយ ខ្លាំងជាងគេ។

(សំឡេងលោក ជិន សាវិន )

លោក វ៉ាត ហាន់ មេឃុំបន្ទាយឆ្មារបានទទួលស្គាល់ថា ប្រជាពល
រដ្ឋពីភូមិខាងលើនេះពិតជាប្រឈមមុខនឹងការដាច់ស្បៀងមែន
តែលោកមិនទាន់ទទួលរបាយការណ៍ផ្លូវការណាមួយនោះទេ។
លោកនឹងជំរុញអោយមេភូមិស្រង់តួលេខអោយច្បាស់លាស់
លោកនឹងរាយការណ៍បន្តទៅថ្នាក់លើ។

(សំឡេងលោក វ៉ាត ហាន់)

ភ្លាមៗយើងមិនអាចទំនាក់ទំនងលោក ប៉ុក សាលុយ អភិបាលរង
ខេត្តបន្ទាយមានជ័យទទួលបន្ទុកកាកបាទក្រហមខេត្តបាននោះទេ៕

No comments:

Post a Comment