Sunday, October 18, 2009

-សហជីពចង់ឱ្យតម្លើងប្រាក់ខែ កម្មករកាត់ដេរ

សហជីពកម្មករចង់ឱ្យមានការតម្លើងប្រាក់ខែជូនកម្មករក្នុងវិស័យកាត់ដេរសម្លៀក
បំពាក់ និង ស្បែកជើងរហូតដល់ទៅ៩៣ដុល្លារក្នុង១ខែ។

មេដឹកនាំសហជីពមួយរូបបានទទូចស្នើសុំរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីឱ្យមានការ
ពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ស្តីអំពីការតម្លើងប្រាក់
ខែរហូតដល់ទៅ៩៣ដុល្លារអាមេរិក ក្នុង១ខែ ជូនកម្មករក្នុងវិស័យកាត់ដេរសម្លៀក
បំពាក់ និងស្បែកជើងនៅឆ្នាំក្រោយ។

នៅក្នុងលិខិតចុះថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០០៩ លោកជួន មុំថុល ប្រធានសហភាព
សហព័ន្ធសហជីពជាតិកម្ពុជា និង ជាអនុប្រធានគណៈកម្មការប្រឹក្សាការងារ បាន
ស្នើសុំលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជា
ប្រធានគណៈកម្មការប្រឹក្សាការងារ ដើម្បីឱ្យលោកដាក់បញ្ចូលរបៀបវារៈ ស្តីពីការ
តម្លើងប្រាក់ឈ្នួលសមរម្យចំនួន៩៣ដុល្លារអាមេរិកក្នុង១ខែ ជូនកម្មករក្នុងវិស័យ
កាត់ដេរសម្លៀកបំពាក់និងស្បែកជើង នាឆ្នាំ ២០១០។

លោក ជួន មុំថុល បានលើកឡើងនៅក្នុងលិខិតនោះថា កម្មករម្នាក់ត្រូវការប្រាក់
ខែចំនួន៩៣ ដុល្លារក្នុង១ខែ ដើម្បីរស់នៅសមរម្យ ដោយសារម្ហូបអាហារចេះតែ
ឡើងថ្លៃជាលំដាប់។

ថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះ លោក ជួន មុំថុល មានប្រសាសន៍ថា លោកចង់
ឱ្យមានការពិភាក្សាលើរបៀបវារៈនេះ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការនេះ នៅ
ក្នុងសប្តាហ៍ទី២នៃខែមករា ឆ្នាំ ២០១០ ។

"ខ្ញុំឃើញទៅឃើញថា គ្នាខ្វះខាតច្រើនពេក។ អញ្ចឹងតាមការស្រាវជ្រាវរបស់ភាគី
កម្មកររបស់យើងផងហ្នឹងគឺថា យើងឃើញថា ៩៣ដុល្លារ ទើបអាចរស់នៅក្នុង
រាជធានីភ្នំពេញបាន"។

លោកវង សូតពុំបានផ្តល់អត្ថាធិប្បាយទេ ដោយលោកមានប្រសាសន៍ថា លោក
ជាប់រវល់ប្រជុំ។

បើយោងតាមប្រសាសន៍របស់លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ បាន
ឱ្យដឹងថា លោកវង សូតបានទទួលលិខិតស្នើសុំរបស់លោកជួន មុំថុល រួចហើយ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា លោកមិនទាន់ដឹងនៅឡើយទេ ថាតើលោក
វង សូត យល់ព្រមនឹងសំណើនោះ ឬយ៉ាងណា។

"មិនទាន់ថាតើយ៉ាងណាៗទេ។ មិនទាន់ថាតើសម្រេច ឬមិនសម្រេច” ។

លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសា-
សន៍ថា ប្រាក់ខែអប្បបរមាចំនួន៥០ដុល្លារសព្វថ្ងៃនេះ អាចជួយដល់ការរស់នៅ
របស់កម្មករបាន។

ប៉ុន្តែលោក ខេន លូ ពន្យល់ថា កម្មករអាចរកចំណូលបានច្រើន បើសិនជាពួកគេ
ខិតខំធ្វើការ ខំដេរ ខោអាវឱ្យបានច្រើន។ លោកមានប្រសាសន៍ថា បើសិនជាពួក
គេខំធ្វើការច្រើន ពួកគេអាចរកចំណូលបានដល់ទៅ១០០ ឬ ១២០ ឬ ដល់ទៅ
១៥០ដុល្លារអាមេរិកក្នុង១ខែ។

"យើងចង់លើកទឹកចិត្តឱ្យកម្មករខិតខំធ្វើការងារ"។

លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មានប្រ-
សាសន៍ថា លោកចង់ឱ្យកម្មករទទួលបានប្រាក់ខែអប្បបរមាចំនួន៩៥ដុល្លារក្នុង
១ខែ ដោយធ្វើការរយៈពេលត្រឹម ៨ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ។

លោកជា មុនី បានលើកឡើងថា ដើម្បីបានចំណូល១៥០ឬ១៦០ដុល្លារ កម្មករ
ត្រូវធ្វើការលើស១០ម៉ោងក្នុង១ថ្ងៃ ដែលនាំឱ្យលោកមានការព្រួយបារម្ភខ្លាចប្រ-
ការនេះអាចប៉ះពាល់ដល់សុខភាពពួកគេ នាពេលអនាគត។

"យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្ងឺវិជ្ជាជីវៈរបស់កម្មករ-កម្មការិនីនៅ
ថ្ងៃអនាគត បើសិនគាត់ប្រឹងប្រែងធ្វើការរហូតដល់បានប្រាក់ ១៦០ដុល្លារក្នុង១
ខែ“ ។

បច្ចុប្បន្ននេះ មានកម្មករប្រមាណជា៣៦ម៉ឺននាក់ កំពុងធ្វើការនៅក្នុងវិស័យកាត់
ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងរោងចក្រប្រហែល៥២០ ក្នុងប្រទេសកម្ពុជា
នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល៕
ចំលងពី​VOA

No comments:

Post a Comment