Sunday, October 18, 2009

-លោក ហ៊ុន សែន ៖ ជំនួយ​សម្រាប់​កម្ពុជា ត្រូវតែ​ជា​ជំនួយ​ឥត​លក្ខខណ្ឌ

ប៉ុន្មាន​ថ្ងៃ មុន​កិច្ច​ប្រជុំ​ផ្តល់​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ប្រមុខ​រដ្ឋាភិបាល​​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ព្រមាន​កុំ​ឲ្យ​មាន​ការ​ដាក់​លក្ខខណ្ឌ ភ្ជាប់​នឹង​ជំនួយ​សម្រាប់​កម្ពុជា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រៀប​ធៀប​ជំនួយ​របស់​បរទេស សព្វ​ថ្ងៃ​ថា បាន​ដាក់​គំនាប​ច្រើន​ជាង ​វត្តមាន​របស់​អ្នក​ជំនាញការ​វៀតណាម នៅលើ​ទឹកដី​កម្ពុជា កាលពី​ទស្សវត្ស​ឆ្នាំ ៨០ ទៅ​ទៀត។
មុខ​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ព្រមាន​ថា រដ្ឋាភិបាល អាច​នឹង​មិន​ទទួល​យក​ជំនួយ​របស់​បរទេស ប្រសិន​បើ​ជំនួយ​ណា ដែល​ផ្តល់​ឲ្យ​កម្ពុជា​ ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​សាំញ៉ាំ​ច្រើន​ដូច​សព្វ​ថ្ងៃ។

រំលឹក​ពី​ការ​សម្រេច​របស់​រដ្ឋាភិបាល ដែល​បាន​លុប​ចោល​នូវ​ជំនួយ​របស់​ធនាគារ​​ពិភពលោក លើ​ការ​ចុះ​បញ្ជី​ដី​ធ្លី កាល​ពី​ដើម​ខែ​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូស​បញ្ជាក់​ក្នុង​ខួប​លើក​ទី​៣០​នៃ​ការ​បង្កើត​ធនាគារជាតិ​នៅ​ព្រឹក​មិញ ដោយ​ពាក្យ​​សម្តី​ខ្លាំងៗ​ថា រដ្ឋាភិបាល​ស្វាគមន៍​នូវ​ការ​ចង់​រួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា ក៏​ប៉ុន្តែ​ម្ចាស់​ជំនួយ កុំជ្រៀត​ជ្រែក និង​កុំដាក់​សម្ពាធ ភ្ជាប់​នឹង​ជំនួយ​នោះ។

ជាមួយ​នឹង​អារម្មណ៍​ហាក់​ដូច​ជា​ខឹង​សម្បារ លាយ​ឡំ​នឹង​ការ​ធុញទ្រាន់​លើ​លក្ខខណ្ឌ​របស់​ម្ចាស់​ជំនួយ ​នា​​ពេល​បច្ចុប្បន្ន លោក​នាយក​រដ្ឋមន្ត្រី បាន​ប្រៀប​ប្រដូច​ថា ក្រោយ​របប​​ខ្មែរ​ក្រហម​​ដួល​រលំ នៅ​ឆ្នាំ​១៩៧៩ កងទ័ព និង​អ្នក​ជំនាញការ​វៀតណាម​នៅ​កម្ពុជា បាន​គោរព​នូវ​ឯករាជ្យ​របស់​កម្ពុជា។ រាល់​សេចក្តី​សម្រេច​ចិត្ត​ខាង​នយោបាយ និង​សេដ្ឋកិច្ច គឺ​នៅ​លើ​កម្ពុជា ដែល​ខុស​ពី​សព្វ​ថ្ងៃ។ ជំនួយ​សព្វ​ថ្ងៃ ដែល​អតីត​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្កត់​ធ្ងន់​ថា ទាំង​ធនាគារ​ពិភពលោក ទាំង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ទាំង​ប្រទេស​ម្ចាស់​ជំនួយ​ដទៃ​ទៀត បាន​ចាប់​បង្ខំ​ឲ្យ​រដ្ឋាភិបាល ស្តាប់​បង្គាប់​ម្តង​​ហើយ​ម្តង​ទៀត

ជាចុងក្រោយ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​ម្ចាស់​ជំនួយ ដែល​ជា​មិត្ត​ភក្តិ​​ជួយ​កម្ពុជា ត្រូវ​រក្សា​នូវ​ភាព​យោគយល់ និង​គោរព​ភាព​ជា​ម្ចាស់​របស់​កម្ពុជា។

ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ត្រូវ​ជួប​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា នៅ​ខែ​ធ្នូ ចុង​ឆ្នាំ​នេះ ដើម្បី​​ប្រកាស​ពី​ជំនួយ ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា ប្រចាំ​ឆ្នាំ​២០១០។ កាលពី​កិច្ច​ប្រជុំ​លើក​មុន ប្រទេស​អន្តរជាតិ​ជា​ដៃ​គូ បាន​សម្រេច​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នៅ​ឆ្នាំ​២០០៩ ជាង ១០០០ លាន​ដុល្លារ។ ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ បាន​ប្រជុំ​គ្នា និង​លើក​ឡើង​ពី​បញ្ហា​គោរព​សិទ្ធិ​មនុស្ស ​ជម្លោះ​ដីធ្លី និង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ។ ការ​ខ្វះ​ចន្លោះ​ក្នុង​ការអនុវត្តន៍​លើ​បញ្ហា​អាទិភាព​ទាំងនេះ នឹង​ត្រូវ​ដាក់​លើ​តុ ក្នុង​កិច្ច​​ប្រជុំ​ផ្តល់​ជំនួយ នា​ខែ​ធ្នូ​ខាងមុខ៕

No comments:

Post a Comment