Sunday, October 18, 2009

-បណ្តឹង​បរិហារ​កេរ្តិ៍​រវាង មូរ សុខហួរ និង​ហ៊ុន សែន ជម្រះ​ឡើង​វិញ​ថ្ងៃ ២៨ តុលា

តុលាការ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​​រឿង​បរិហារ​កេរ្តិ៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៨​តុលា​ខាងមុខ។ លោកស្រី មូរ សុខ​ហួរ ដែល​ជាប់​ចោទ​ក្នុង​រឿង​បរិហារ​កេរ្តិ៍​លោក ហ៊ុន សែន នឹង​នៅ​តែ​មិនមាន​មេធាវី​តំណាង​ឡើយ។
ា​កោះ​ហៅ​របស់​តុលាការ​សាលា​ឧទ្ធរណ៍​ផ្ញើ​ជូន​លោកស្រី​ មូរ សុខហួរ ដែល​បាន​ចែក​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ បាន​តម្រូវ​ឲ្យ​សមាជិក​សភា​មណ្ឌល​ខេត្ត​កំពត និង​ជា​អគ្គលេខាធិការ​រង​គណបក្ស​សមរង្ស៊ី លោកស្រី មូរ សុខហួរ ចូល​ទៅ​កាន់​សាលា​ឧទ្ធរណ៍​​នៅ​ព្រឹក​ម៉ោង ៨ ថ្ងៃ​ទី​២៨ តុលា​ខាងមុខ ដើម្បី​ចូលរួម​សវនាការ​ក្នុង​រឿង​បរិហារ​កេរ្តិ៍។

សវនាការ ដែល​លោកស្រី មូរ សុខហួរ អះអាង​ថា សាលា​ឧទ្ធរណ៍​បើក​ការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ក្តី ដែល​លោកស្រី​បាន​ប្តឹង​ជំទាស់​នឹង​រឿង​ចាញ់​ក្តី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៤​សីហា ឆ្នាំ​២០០៩។ កាលណោះ ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ឲ្យ​លោកស្រី មូរ សុខហួរ បង់​ពិន័យ​ជា​ប្រាក់​សរុប​ចំនួន ១៦,៥ លាន​រៀល ស្មើ​ប្រមាណ​ជាង ៤​ពាន់​ដុល្លារ។

ចេញ​ពី​អង្គ​ប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​មិញ លោកស្រី មូរ សុខហួរ បាន​សង្ឃឹម​ថា តុលាការ​សាលា​​ឧទ្ធរណ៍​នឹង​ពិចារណា​ឡើង​វិញ​នូវ​ហេតុផល និង​ធាតុ​ផ្សំ ដែល​​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោកស្រី ក្នុង​សំណុំ​រឿង​​បរិហារ​​កេរ្តិ៍ រវាង​លោកស្រី និង​លោក​ប្រមុខ​​រដ្ឋាភិបាល។

ទោះជាយ៉ាងណា លោកស្រី មូរ សុខហួរ នៅតែ​ប្រកាន់​ជំហរ​ថា លោកស្រី​ជា​ជន​រង​គ្រោះ ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍។ រឿង​បរិហារ​កេរ្តិ៍ ដែល​លោកស្រី មូរ សុខហួរ ចាប់​កំហុស ដោយសារ​តែ​ការ​ថ្លែង​ទិតៀន​របស់​លោក​ប្រមុខ​រដ្ឋាភិបាល ហ៊ុន សែន នៅ​ខេត្ត​កំពត សំដៅ​​លើ​ស្ត្រី​​​ម្នាក់ ដោយ​មិន​ចេញ​ឈ្មោះ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា។

ភ្លាមៗ​លោកស្រី មូរ សុខហួរ ប្រកាស​ក្នុង​សន្និសីទ​កាសែត អំពី​បំណង​ដាក់​ពាក្យ​ប្តឹង​ចោទ​​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពីបទ​បរិហារ​កេរ្តិ៍​លោកស្រី។ ក៏ប៉ុន្តែ​សេចក្តី​ប្រកាស​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​រូប​នេះ ត្រូវ​បាន​មេធាវី​របស់​លោក​នាយក​រដ្ឋមន្ត្រី ប្តឹង​បក​ពី​បទ​បរិហារ​កេរ្តិ៍​ដូច​គ្នា៕

No comments:

Post a Comment