Sunday, October 18, 2009

-រដ្ឋាភិបាលកម្ពុជាប្រតិកម្មនឹង អត្ថាធិប្បាយដោយលោក សម រង្ស៊ី

By ជៀប មុនី, VOA, ខ្មែរ
រាយការណ៍ពីរាជធានីភ្នំពេញ
23 September 2009


រដ្ឋាភិបាលកម្ពុជា បានបញ្ចេញប្រតិកម្មតបតទៅនឹងមេដឹកនាំគណបក្សប្រឆាំង ដែលបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាអំពីការបំបិទមាត់អ្នករិះគន់។

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានបញ្ចេញប្រតិកម្មតបតទៅនឹងមេដឹកនាំ
គណបក្សប្រឆាំង ដែលបានចោទប្រកាន់មកលើខ្លួនអំពីការបំបិទមាត់អ្នករិះគន់
តាមរយៈតុលាការ ការដាក់ពន្ធនាគារនិងការធ្វើឃាដ ដោយចាត់ទុកថា មេដឹក
នាំគណបក្សប្រឆាំងរូបនេះ មិនបានរក្សាសេចក្តីថ្លៃថ្នូរជាអ្នកនយោបាយ។

ប្រតិកម្មបែបនេះរបស់រដ្ឋាភិបាលបានកើតឡើងភ្លាមៗ បន្ទាប់ពីលោកសម រង្ស៊ី
ប្រធានគណបក្សសម រង្ស៊ី ដែលថ្លែងនៅឯការពិភាក្សាកាលពីថ្ងៃអង្គារម្សិលម៉ិញ
នៅឯក្លឹបអ្នកសារព័ត៌មាននាទីក្រុងបាងកក ហើយត្រូវបាន VOA សម្លេងសហ
រដ្ឋអាមេរិកដកស្រង់សម្តីមកផ្សាយកាលពីព្រឹកថ្ងៃទី ២៣ ខែកញ្ញានេះ។

លោកសម រង្ស៊ី នៅពេលនោះ មានប្រសាសន៍ថា បញ្ហាមួយភាគ គឺបណ្តាលមក
ពីមេដឹកនាំកម្ពុជាជាច្រើន ដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើមធ្លាប់
ជាខ្មែរក្រហម ដោយលោកបន្ថែមថា ពួកគេនៅតែមានខួរក្បាលខ្មែរក្រហម គេ
មិនអត់ឱនឱ្យអ្នករិះគន់ទេ។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី នៅថ្ងៃពុធនេះ អង្គ
ភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើការបំភ្លឺជា
ច្រើនចំណុចជូនមតិជាតិ និងអន្តរជាតិ។

ត្រង់ចំណុចមួយ អង្គភាពនេះ បានលើកឡើងថា ក្នុងរបបប្រល័យពូជសាសន៍
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺ ជាជនរងគ្រោះម្នាក់នាពេលនោះ ។ លោក
បានរត់គេចខ្លួនពីការតាមសម្លាប់របស់ខ្មែរក្រហម ហើយបានរួមគ្នាជាមួយឥស្សរ
ជនដទៃទៀត បង្កើតបានជារណៈសិរ្ស២ធ្នូ ជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុត
ពីមហាវាលពិឃាត ដែលផ្ទុយស្រឡះពីការចោទប្រកាន់ពីសំណាក់មេដឹកនាំ
គណបក្សប្រឆាំង។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សក៏បានអះអាងថា រាជរដ្ឋាភិបាលគោរពសិទ្ធិ
សេរីភាពនៃការបញ្ចេញ មតិរបស់ប្រជាពលរដ្ឋ ពិសេសអ្នកកាសែត ដែលមាន
វិជ្ជាជីវៈជំនាញ តែមិនត្រូវប្រើឈ្មោះជាអ្នកកាសែតធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយស
អ្នកដទៃនោះឡើយ។

អង្គភាពនេះបានពន្យល់ថា ដូច្នោះសកម្មភាពណាក៏ដោយ ដែលមានចរិតញុះ
ញង់បំបែកបំបាក់សង្គមជាតិ បង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គមរំលោភ
សិទ្ធិអ្នកដទៃ ដាច់ខាតត្រូវតែទប់ស្កាត់ទៅតាមការគ្រប់គ្រងបែប ប្រទេសដែល
មានអរិយធម៌ គឺប្រើប្រាស់ប្រព័ន្ធតុលាការតាមគោលការណ៍នីតិរដ្ឋ។

អង្គភាពព័ត៌មាននេះ ក៏បានបរិហាររិះគន់បកទៅលើលោក សម រង្ស៊ី វិញ ដោយ
ចាត់ទុកលោក សម រង្ស៊ី ថា ជាអ្នកដែលមិនបានរក្សាសេចក្តីថ្លៃថ្នូរជាអ្នកនយោ
បាយទេ តែងតែប្រើប្រាស់សេរីភាពរបស់ខ្លួន ជ្រើសរើសទីតាំងបរទេសមក
ទិតៀនវាយប្រហារលើប្រមុខដឹកនាំប្រទេសថា ផ្តាច់ការទៅវិញ។

លោកទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាក្រុមអ្នកនាំពាក្យអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស បានពិពណ៌នាការថ្លែងរបស់លោកសម រង្ស៊ី នៅពេលនោះ
ថា ជាសម្តីមានចរិតនយោបាយ។

"ការវៃប្រហាររបស់លោក សម រង្ស៊ី ទៅលើសម្តេចតេជោ ហ៊ុន សែននេះ គឺជា
ការលាបពណ៌ គឺជាការបំបែកខ្មែរ និង ខ្មែរ "។

លោកសម រង្ស៊ី មេដឹកនាំគណបក្សសម រង្ស៊ី ពុំអាចទំនាក់ទំនងសុំអត្ថាធិប្បាយ
បានទេ នៅថ្ងៃនេះ ដោយទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដង តែពុំមានអ្នក
ទទួល។

លោកស្រីកែ សុវណ្ណរ័ត្ន អគ្គលេខាធិការគណបក្សសម រង្ស៊ី បានលើកឡើងថា៖

"រដ្ឋាភិបាល គណបក្សឈ្នះឆ្នោត គួរតែយកគំនិតខ្លះ ដែលជាយោបល់ ឬក៏ព័ត៌
មានដែលគណបក្សប្រឆាំងលោកផ្តល់ឱ្យ"។

ជាមួយគ្នានេះ លោកស្រីមានប្រសាសន៍ថា អ្វីដែលជាការលើកឡើងរបស់លោក
សម រង្ស៊ី គឺមិនមែនជាការបំបែកខ្មែរ និងខ្មែរទេ៕

No comments:

Post a Comment