Friday, October 30, 2009

-អ្នក​ភូមិ​ដងរ៉ែក​ក្នុង​ខែត្រ​បន្ទាយមានជ័យ​ជួប​ប្រទះ​នឹង​កង្វះ​ស្បៀង

ដោយ សុផល មុន្នី


មនុស្ស ​រាប់​រយ​នាក់​នៅ​ភូមិ​ដករ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​អំពាវនាវ​រក​ជំនួយ​សង្គ្រោះ​បន្ទាន់​ក្រោយ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​ជួប​ ប្រទះ​នឹង​ការ​ខ្វះ​ស្បៀង​ដោយសារ​តែ​ការ​មិន​មាន​ដី​បង្ក​បង្កើន​ផល​គ្រប់​ គ្រាន់​និង​កង្វះ​ការងារ​ធ្វើ​ក្នុង​មូលដ្ឋាន។

លោក ម៉ែន សាមឿន មេ​ភូមិ​ដងរ៉ែក បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​តុលា ថា ប្រជាពលរដ្ឋ​ចំនួន​១០៥​គ្រួសារ​នៅ​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ដាច់​ស្បៀង​ជា​បណ្តើរៗ​ចាប់​តាំង​ពី​មុន​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ ឆ្នាំ​២០០៩​នេះ ដោយសារ​បញ្ហា​កង្វះ​ដី​ធ្លី​និង​កង្វះ​ការងារ​ធ្វើ​ក្នុង​មូលដ្ឋាន។

លោក ម៉ែន សាមឿន បាន​បញ្ជាក់​ថា ៖ «ប្រជាពលរដ្ឋ​ខ្ញុំ​មិន​ដឹង​ទៅ​រក​ អី​ធ្វើ​អី ទៅ​ដក​ផ្សិត ដ​កអី​ទៅ យក​លក់​ដូរ ខ្លះ​ដក​ត្រពាំង យក​មក​អ៊ីចឹង​ទៅ ដោះដូរ​បន្តិច​បន្តួច ក្នុង​១​ថ្ងៃ​បាន​២០​-​៣០​អ៊ីចឹង​ទៅ ហើយ​ខ្លះ​ទៅ​ច្រូត​ស្បូវ ហាល​ក៏​មិន​ស្ងួត​ទៀត ភ្លៀង​រាល់​ថ្ងៃ ក្រង​លក់​ក៏​គ្មាន​អ្នក​ណា​សូវ​ទិញ​ទៀត​ឥឡូវ​នេះ»។

ចំណែ​ឯ​លោក រ៉ុង ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​បាន​ថ្លែង​ថា ដើម្បី​ដោះ​ទ័ល​បញ្ហា​ខ្វះ​ស្បៀង អ្នក​ភូមិ​បាន​ដើរ​ចាប់​សត្វ​កណ្តុរ ដក​ដំឡូង​ទៀន និង​រក​អនុផល​ផ្សេងៗ​ទៀត​ពី​ដើម​ឈើ។

លោក រ៉ុង បាន​ឲ្យ​ដឹង​ថា ៖ «ដែល​គាត់​ដោះ​ទាល់​សព្វ​ថ្ងៃ​មាន​តែ ទី​មួយ ជីក​ដំឡូង​ទៀន... បេះ​ផ្កា ឆក់​កណ្តុរ​លក់»។

អ្នក​ភូមិ​ម្នាក់​ទៀត​បាន​បន្ថែម​ថា រាល់​ថ្ងៃ​អ្នក​ភូមិ​បាន​ខ្ចី​បុល​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​ខ្លះ​ចងការ​គេ​ដើម្បី​យក​លុយ​ទៅ​ទិញ​អង្ករ​ដាំ​បាយ។ លោក​បន្ត​ថា ការ​ធ្វើ​របៀប​នេះ​គឺ​មិន​អាច​បាន​យូរ​ឡើយ​ព្រោះ​កង្វះ​ជីវភាព​ប្រចាំ​ថ្ងៃ​ កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក ម៉ែន សាមឿន មេ​ភូមិ​ដងរ៉ែក បាន​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​តុលា លោក​បាន​បញ្ជូន​ឈ្មោះ​អ្នក​ភូមិ​ទាំង​១០៥​គ្រួសារ​ដែល​កំពុង​ដាច់​ស្បៀង​ទៅ​ លោក​មេ​ឃុំ​បន្ទាយឆ្មារ​ហើយ​ដើម្បី​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​រក​ជំនួយ​ សង្គ្រោះ​បន្ទាន់។

លោក វ៉ាត ហាន់ មេ​ឃុំ​បន្ទាយឆ្មារ បាន​ថ្លែង​ថា លោក​នឹង​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​សុំ​ស្បៀង​ក្រោយ​ពេល​លោក​ទទួល​បាន​ របាយការណ៍។ លោក​មេ​ឃុំ​បន្ត​ថា នៅ​មាន​ភូមិ​ចំនួន​ពីរ​ទៀត​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មារ​ក៏​កំពុង​ខ្វះ​ស្បៀង​ ដូច​អ្នក​ភូមិ​ដងរ៉ែក​ដែរ។

លោក វ៉ាត ហាន់ បាន​មាន​ប្រសាសន៍​ថា ៖ «មិន​មែន​មាន​តែ​មួយ​ភូមិ​ហ្នឹង ​ទេ មាន​ភូមិ​ផ្សេងៗ​ទៀត។ វា​គ្រាន់​តែ​ភូមិ​ខ្លះ​អត់​ច្រើន​ជាង និង​ភូមិ​ខ្លះ​ទៀត​មាន​ចំនួន​តិច​ជាង​គ្នា»។

លោក អុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ​មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ។ ប៉ុន្តែ​លោក អ៊ុក កែវរតនៈ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត បាន​ថ្លែង​ថា អាជ្ញាធរ​ខេត្ត​នឹង​ចុះ​ត្រួត​ពិនិត្យ​ដល់​ទីតាំង​ជាក់​ស្តែង​ដើ​ម្បី​ជួយ​ ដល់​ក្រុម​អ្នក​ភូមិ។

លោក ស៊ុម ចាន់គា មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​ថ្លែង​ថា អាជ្ញាធរ​ខេត្ត​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់​ក្នុង​បញ្ហា​កង្វះ​ ខាត​ស្បៀង​របស់​អ្នក​ភូមិ។

លោក ស៊ុម ចាន់គា បាន​ថ្លែង​ថា ៖ «ដូច្នេះ​ហើយ​គាត់​រស់​នៅ​ចុង​កាត់​មាត់​ញក កន្លែង​ណា​ក៏​ដោយ បើ​សិន​ជា​គាត់​ខ្វះ​ខាត​ស្បៀង ជួយ​គាត់​ឲ្យ​ទាន់​ពេល​វេលា»។

លោក​បន្ត​ថា នៅ​មាន​មនុស្ស​ជា​ច្រើន​រយ​គ្រួសារ​ទៀត​នៅ​ក្នុង​ភូមិ​មួយចំនួន​ក្នុង​ខេត្ត ​បន្ទាយមានជ័យ​ក៏​កំពុង​ដាច់​ស្បៀង​ដូច​គ្នា​នេះ​ដែរ៕

1 comment: